Juventus បានត្រៀម និងផ្តល់នៅសំណើរ ពិសេសមួយសម្រាប់ដេញថ្លៃយកកីឡាករឆ្នើម Mohamed Salah របស់ហង្សក្រហម Liverpool នៅរដូវក្តៅខាងមុខដែលមានតម្លៃ ៥០លានអឺរ៉ូ (៤៤ លានផោន) បូករួមជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ម្នាក់ទៀត ដើម្បីអោយក្រុមម្ចាស់ជើងឯករង Champion League ពិចារណា។ គោលបំណងរបស់ក្រុមម្ចាស់ជើងឯក SerieA ចង់បាន Salah ដើម្បីចាប់ដៃគូជាមួយ Christiano Ronaldo ខណៈខ្សែប្រយុទ្ធនិយមប្រើជើងឆ្វេង Paulo Dybala​ រកគ្រាប់បាល់បានតែ ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ប្រកួតចុងក្រោយប៉ុណ្ណោះ។

យោងតាមទស្សនាវដ្តី Tuttosport របស់ប្រទេសអ៊ីតាលីបានចុះផ្សាយ លើទំព័រមុខរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍នេះ ខណៈម្ចាស់ជើងឯក SerieA អ៊ីតាលីនៅតែបង្ហាញពីចេតនាច្បាសលាស់ក្នុងការចុះហត្ថលេខាលើតារាបាល់ទាត់ក្រុមជម្រើសជាតិអេហ្ស៊ីបរូបនេះ។ Salah ទើបតែបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំថ្មីមួយក្លឹប Liverpool កាលពីខែកក្កដា ២០១៨ ហើយលក្ខខណ្ឌមិនបានរាប់បញ្ចូលនៅតម្លៃទិញផ្តាច់កុងត្រានោះឡើយ។

កីឡាករវ័យ ២៦ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីឥតឈប់ឈរចាប់តាំងពីការចូលរួមជាមួយក្រុម Liverpool ពីក្លិប Roma នៅឆ្នាំ ២០១៧។ គាត់បានស៊ុតបញ្ចូលទី ៤៤គ្រាប់នៅក្នុងរដូវកាលដំបូងខណៈ Liverpool បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងបរាជ័យក្រោមថ្វីជើង Real Madrid។

Salah បច្ចុប្បន្នជាអ្នកស៊ុតបាល់បញ្ចូលទីនាំមុខគេក្នុងក្របខ័ណ្ឌ Premier League ដោយមាន ១៧គ្រាប់ស្មើជាមួយ Kun Aguero របស់ Man.City ស្របពេល Liverpool ឈរនៅលេខរៀងទី២ បន្ទាប់ពី Manchester City ដោយសារពិន្ទុស្មើគ្នា ប៉ុន្តែចាញ់ក្នុងការរកគ្រាប់បាល់បញ្ចូលទីស្របពេល Liverpool មាន១ប្រកួតក្នុងដៃ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail