លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានបញ្ជាក់ថា ការមានខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងក្រុមរបស់លោក «គឺជាការមានប្រៀបមួយ» នៅមុនពេលតារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ វិលទៅកាន់ទីក្រុងម៉ាឌ្រីដ ដើម្បីប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ ជើងទី១ ជាមួយនឹងក្រុម Atletico នៅរាត្រីនេះ។

Ronaldo បានឈ្នះពាន Champions League ៤លើកក្នុងរយៈពេល ៥ឆ្នាំ ជាមួយនឹងក្លិប Real Madrid នៅមុនពេលចូលរួមជាមួយនឹងក្លិប Juventus ក្នុងតម្លៃខ្លួន​ ១០០លានអឺរ៉ូ (ស្មើនឹង ១១៧លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ហើយរូបគេសង្ឃឹមថា គេនឹងវិលទៅកាន់កីឡដ្ឋាន Wanda Metropolitano ម្តងទៀតសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១ ខែមិថុនា ខាងមុខនេះ។ លោក Allegri បាននិយាយកាលពីថ្ងៃអង្គារថា៖ «ការមាន Ronaldo គឺជាការមានប្រៀបមួយ ប៉ុន្តែរូបគេតែម្នាក់មិនគ្រប់គ្រាន់ឡើយ ខណៈដែលក្រុមទាំងមូលត្រូវតែបង្ហាញពីទម្រង់លេងដ៏រឹងមាំ»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្រុមនេះកំពុងតែមានភាពរឹងមាំទាំងផ្នែករាងកាយ ចិត្តវិទ្យា និងបច្ចេកទេសលេង ហើយយើងត្រូវតែរក្សាការឆ្ពោះទៅមុខ ខណៈដែលយើងឈានចូលដំណាក់កាលដ៏សំខាន់បំផុតនៃរដូវកាលនេះ»។ Ronaldo វ័យ៣៤ឆ្នាំ មានកំណត់ត្រាយ៉ាងល្អនៅពេលប្រកួតជាមួយនឹងក្រុម Atletico ដោយបានស៊ុតបាល់បញ្ចូលទី២២គ្រាប់ក្នុងការប្រកួត៣១លើកជាមួយនឹងក្រុម Atletico ក្នុងនោះរាប់បញ្ចូលទាំងការរកបាន៣គ្រាប់ក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរដូវកាលឆ្នាំ២០១៦-២០១៧ ផងដែរ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ៣ទៀបភ្លឺ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia