ខ្សែការពារវ័យក្មេងប្រចាំក្លឹបតោខៀវ Chelsea កីឡាករ Andreas Christensen បានថ្លែងឲ្យដឹងថា រូបគេមិនចាកចេញពីក្លឹប ស្របពេលក្លឹបកំពុងត្រូវបានជាប់ពិន័យមិនអាចផ្ទេរកីឡាករចូលបានដល់ទៅ២រដូវកាលដោះដូរ។​

គាត់បានថ្លែងប្រាប់ខាងសារព័ត៌មានក្លឹប Chelsea ផ្ទាល់ ខ្សែការពារជម្រើសជាតិដាណឺម៉ាកខាងលើ បាននិយាយថា៖
៉គ្រប់គ្នាបានដឹងហើយថា Chelsea ក៏មិនអាចប្តឹងឧទ្ធរណ៍លើករណីជាប់ពិន័យនេះផងដែរ។ ដូចនេះហើយ ថ្នាក់ដឹកនាំក្លឹបប្រកដណាស់ ចង់រក្សាពួកយើង (កីឡាករ) គ្រប់ៗគ្នាសម្រាប់រដូវកាលក្រោយទៀត។ ក្នុងកាលៈទេសៈបែបនេះ ខ្ញុំក៏ពិបានទទួលយកផងដែរ។

ខ្ញុំបានព្យាយាមបញ្ចេញសមត្ថភាពក្នុងទីលានហ្វឹកហាត់ តែយ៉ាងណាការហ្វឹកហាត់ក៏មានការកំណត់ ខណៈកីឡាករក៏ត្រូវត្រៀមខ្លួនក្នុងការប្រកួតលើទីលានជាក់ស្តែងរួមផង។ បច្ច្ចុប្បន្ន ខ្ញុំទទួលបានឳកាសក្នុងការលេងនៅ UEFA Europa League ហើយក៏សង្ឃឹមថាពួកយើងបន្តការយកជ័យជម្នះក្នុងពានរង្វាន់មួយនេះ។

ដើមឡើយមានព័ត៌មានលេចលឺកន្លងមក Andreas Christensen មានចេតនាចង់ចាកចេញពីក្លឹបអាចក្នុងនាមជាកីឡាករខ្ចីជើងសារជាថ្មី ក្រោយពីពុំសូវទទួលបានឳកាសបង្ហាញខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Maurizio Sarri ។ ជាជាក់ស្តែង កីឡាករទទួលបានពានកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំ Chelsea ប្រចាំរដូវកាល ២០១៧-២០១៨ ខាងលើ បានលេងលើទីលាននៅ Premier League រដូវកាលនេះ ទល់បច្ចុប្បន្នទើបតែបាន៣ដងប៉ុណ្ណោះ៕
ប្រភពពី: vehanews.com