ហង្ស​ក្រហម​ Liverpool បាន​បន្ត​យក​ឈ្នះ​ការ​ប្រកួត​របស់​ខ្លួន​នៅ Premier League ដើម្បី​បន្ត​ក្ដី​សង្ឃឹម​ដណ្ដើម​ពាន​ក្រោយ​ផ្ដួល​ Newcastle នៅ​ចុង​ម៉ោង​ដោយកីឡាករ​ ​Divock Origi ក្នុងលទ្ធផល​ ៣​ទល់​នឹង​២។​

ការ​ប្រកួត​ដ៏​តានតឹង​កាល​ពី​យប់​មិញ Liverpool បាន​បើក​ឆាក​នាំ​មុខ​១គ្រាប់​មុន​ដោយ​ការ​តែត​បញ្ចូល​ទី​របស់​ Van Dijk នៅ​នាទី​១៣​ ប៉ុន្តែ​ត្រូវ​ម្ចាស់​​ផ្ទះ​តាម​ស្មើ​បាន​វិញ​នៅ​៧​នាទី​បន្ទាប់​ស៊ុត​ដោយ​ Atsu។ លុះ​រំលង​ដល់​នាទី​២៨​ Salah បាន​ស៊ុត​ឲ្យ​ហង្ស​នាំ​មុខ​ម្ដង​ទៀត​។

នៅ​វគ្គ​ទី​ពីរ​នាទី​៥៤​ Rondón បាន​តាម​ស្មើ​សារ​ជា​ថ្មី​ ឲ្យ​ Newcastle​ ធ្វើ​ឲ្យ​ Liverpool ក្រពុល​មុខ​ម្ដង​ទៀត​ប៉ុន្តែ​នៅ​ចុង​ម៉ោង​នាទី៨៦​ Divock Origi បាន​ក្លាយ​ជា​វីរបុរស​តែត​បញ្ចូល​ទី​ឲ្យ​ក្រុម​លោក​ Jurgen Klopp បាន​៣​ពិន្ទុ​បន្ថែម​ និង​ឡើង​ទៅ​កំពូល​តារាង។​

​Liverpool ពេល​នេះ​មាន​៩៤​ពិន្ទុ​ហើយ​ក្នុង​តារាង​ បើ​គិត​ចាប់​ពី​ឆ្នាំ​១៩៩៣​មក​ក្រុម​ណា​ដែល​បាន​៩៤​ពិន្ទុ​តែង​លើក​ពាន​ Premier League បាត់​ទៅ​ហើយ​ កម្សត់​អី​តែ​ពួកគេ​នៅ​មិន​ទាន់​ស្គាល់​ជាតិ​ពាន​ដោយសារ​មាន​គូ​ប្រជែង​ដ៏​ខ្លាំង​គឺ​ Manchester City ដែល​កំពុង​ប្រទាញប្រទង់៕