លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានចាត់ទុកក្រុមរបស់លោក «ជាយក្សផ្នែកស្មារតីប្រយុទ្ធ» ក្រោយពីពួកគេបានបំពេញការវាយបកដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ដើម្បីផ្តួលក្រុម Barcelona ក្នុងលទ្ធផល ៤-០ និងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់រយៈពេល២ឆ្នាំជាប់ៗគ្នា កាលពីថ្ងៃអង្គារ។

ក្រុមហង្សក្រហមមួយនេះ មិនត្រឹមតែត្រូវជម្នះឧបស័គ្គដ៏ធំមួយប៉ុណ្ណោះទេ ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៣-០ កាលពីសប្តាហ៍មុន នៅកីឡដ្ឋាន Camp Nou ប៉ុន្តែ ក៏បានអវត្តមានតារាឆ្នើម ២នាក់ក្នុងចំណោមអាយុវក្នុងតំបន់ប្រយុទ្ធដ៏មុតស្រួចបំផុតរបស់ពួកគេផងដែរ ក្រោយពី Mohamed Salah និង Roberto Firmino បានជួបបញ្ហារបួស។

ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធ Divock Origi ដែលបានចូលលេងក្នុងជម្រើសដំបូងទាំងកម្រ និងកីឡាករបម្រុង Georginio Wijnaldum សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ដូចគ្នា ខណៈដែលក្រុម Barca បានខ្ជះខ្ជាយការនាំមុខដល់ទៅ ៣គ្រាប់ពីជើងទី១ ដើម្បីធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងរយៈពេល ២រដូវកាលជាប់ៗគ្នា។

លោក Klopp បានឲ្យដឹងថា៖ «ជាមួយនឹងក្រុមផ្សេងទៀត ខ្ញុំនឹងមិនគិតថា វាអាចទៅរួចឡើយ។ ពួកគេពិតជាយក្សផ្នែកស្មារតីមែន។ វាជារដូវកាលដ៏មិនគួរឲ្យជឿដែលយើងមាន ជាការប្រកួតដ៏មិនគួរឲ្យជឿដែលយើងមាន និងបញ្ហារបួសដែលមិនគួរឲ្យជឿដែលយើងមានពេលនេះ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការឈានទៅប្រកួតលើទីលាន និងការបង្ហាញពីទម្រង់លេងបែបនេះ ពិតជារឿងដ៏មិនគួរឲ្យជឿ។ ខ្ញុំពិតជាមានមោទនភាពក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមនេះ។ អ្វីដែលពួកគេបានធ្វើនៅរាត្រីនេះពិតជាពិសេស។ ខ្ញុំនឹងចងចាំជារឿងរហូត»៕

សូមទស្សនាវិដេអូខាងក្រោមនេះ: