Bayern Munich បាន​ខកពេល​លើក​ពាន​លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga​ ចុង​សប្ដាហ៍​កន្លង​ទៅ​ បន្ទាប់ពី​បាន​ត្រឹម​ស្មើ ០-០ នៅ​ទឹកដី​របស់ Leipzig​។ ​ខ្សែ​បំរើ​អាល្លឺម៉ង់ Leon Goretzka​ ស៊ុត​បញ្ចូល​ទី​ឲ្យ Bayern Munich នៅ​វគ្គ​ទី២ ​តែ​ត្រូវ​បាន​លុប​ចោល​វិញ​ដោយ VAR​។ ​

Bayern Munich មាន​ឱកាស​ជាច្រើន​ទៀត ​ដូចជា​ឱកាស​របស់​អតីត​ខ្សែ​បំរើ Arsenal, Serge Gnabry​ ជាដើម​។ ​ប្រសិន Bayern Munich ឈ្នះ​ការប្រកួត​នេះ​មានន័យថា​ ពួកគេ​នឹង​លើក​ពាន Bundesliga ៧រដូវ​កាល​ជាប់​គ្នា តែ​បាន​ត្រឹម ០-០ ស្រប​ពេល​ដែល​ក្រុម​លេខ​ពីរ Borussia Dortmund យកឈ្នះ Dusseldorf ៣-២​។

​​Dortmund ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​អ៊ុត​ពាន Bundesliga​ នៅ​សប្ដាហ៍​ចុងក្រោយ ខណៈ​កីឡាករ​អាមេរិក Christian Pulisic​ បើក​ការ​នាំមុខ​ឲ្យ Dortmund តែ​ភ្លាមៗ​ត្រូវ​បាន Dusseldorf តាម​ស្មើ​វិញ​ដោយ Oliver Flink​។ ​យ៉ាង​ណា​ក្តី Dortmund រក​បាន ២គ្រាប់​ទៀត​ដោយ Thomas Daleney​ និង Mario Goetze​ បាន​ធ្វើ​ឲ្យ​ពួកគេ​ធូរស្រាល មុន​ពេល​ដែល Dusseldorf តាម​បាន​ 1​គ្រាប់​វិញ​នៅ​ចុង​ម៉ោង​ដោយ Dawid Kownacki​។

​​ចប់​ការប្រកួត Dortmund យកឈ្នះ Dusseldorf ៣-២​។ ​លទ្ធផល​បែបនេះ​មានន័យថា Dortmund តាម​ពីក្រោយ Bayern Munich ២ពិន្ទុ​ប៉ុណ្ណោះ​។ ​សប្ដាហ៍​ចុងក្រោយ​នៃ​ក្រប​ខណ្ឌ Bundesliga, Dortmund ធ្វើ​ដំណើរ​ទៅផ្ទះ Borussia Moenchengladbach ​ខណៈ Bayern Munich ទទួល Frankfurt៕