អ្នកលេងគុនចម្រុះ ចាន់ រតនា ដែលគេស្គាល់ថាជាម្ចាស់ក្លិបប្រដាល់ «សិល្បៈ» បានបង្ហើបឲ្យដឹងថា សម្ភារហ្វឹកហាត់នៅនៅក្នុងក្លិបរបស់ខ្លួនចាស់ៗអស់ប្រហែល៦០ភាគរយទៅហើយ ពោលនៅថ្មីៗត្រឹម ៤០ភាគរយប៉ុណ្ណោះ។ ក្លិបរបស់ ចាន់ រតនាស្ថិតនៅក្បែរ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលទីតាំងបច្ចុប្បន្ននេះនឹងផុតកិច្ចសន្យាជួលត្រឹមចុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ គិតត្រឹមពេលនេះរហូតដល់ផុតកិច្ចសន្យា កីឡាករ និង ជាជាគ្រូបង្វឹកវ័យក្មេងដដែលនេះស្នាក់នៅ និងបង្ហាត់កូនសិស្ស បានរយៈពេល ៣ ឆ្នាំហើយ។

កីឡាករវ័យ៣៣ ឆ្នាំបានបញ្ជាក់បែបនេះថា៖ «ឧបករណ៍ ឬ សម្ភារហ្វឹកហាត់នេះខ្ញុំទិញខ្លួនឯងភាគច្រើន ហើយមួយភាគទៀតបានមកពីការឧបត្ថម្ភ។ ជាក់ស្ដែងមិត្តភ័ក្ដិនៅមីយ៉ាន់ម៉ា Phoe Thaw បានសហការជាមួយក្លិបប្រដាល់ Fight For Good មកជួយឧបត្ថម្ភសម្ភារខ្លះសម្រាប់ហ្វឹកហាត់កាលខែ មីនា។ ប៉ុន្តែយើងមិនបានស្នើសុំគេ ប៉ុន្តែ គាត់ថានឹងជួយបន្តទៀតតាមលទ្ធភាព។ សម្ភារទាំងអស់ដូចជា តាបពី ហ្គង់ បាវសាក់ ស្នងសម្រាប់ហាត់ ស៊ីបកាន់ដៃ ស៊ីបសម្រាប់ទាត់ បាវសាច់ជាដើមនោះកាន់តែចាស់ៗហើយ។ ខ្ញុំគិតថា ៦០% ភាគរយគឺ ចាស់ៗ»។

អ្នកលេងគុនចម្រុះប្រចាំនៅសង្វៀន ONE Championship បន្តទៀតថារង្វង់ទឹកប្រាក់ដែលទិញសម្ភារហ្វឹកហាត់ខាងលើនាពេលកន្លងមក រួមទាំងសង្វៀនទ្រុងមួយផងនោះមានតម្លៃចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារអាមេរិក។ យ៉ាងណាក្ដីទីតាំងខាងលើពិតជាអំណោយផលដល់កូនសិស្សខ្មែរ និង ជនបរទេសដែលមកហាត់ដើម្បីសុខភាព។ បើសិនប្ដូរទីតាំង គឺ លំបាកបន្តិចក្នុងការរើសង្វៀនទ្រុងដែលធំជាងគេ ហើយ ប្រឈមនឹងការបាត់បង់សិស្សជាក់ជាមិនខាន។ បច្ចុប្បន្ននេះ ក្លិប «សិល្បៈ» ទទួលបានសិស្សហ្វឹកហាត់ទាំងខ្មែរ និង បរទេសប្រមាណ ៦០ នាក់ សរុបទាំង ៣ វេនពោល ព្រឹក ថ្ងៃ និង ល្ងាច។

អ្នកលេងគុនខ្មែរ យុទ្ធគុនខម និង គុនចម្រុះបានគូសបញ្ជាក់ទៀត៖ «ខ្ញុំមិនទាន់រកទីតាំងថ្មីបានទេ ខ្ញុំចង់រកទីតាំងថ្មីប្រហែលមិនធំជាងនេះ ហើយចង់នៅក្នុងក្រុង ព្រោះជាពិសេសម្ដុំទទួលទំពូងសំបូរកូនសិស្សបរទេស។ ទីតាំងចាស់នេះមានទំហំប្រហែលទទឹងជាង ១០ ម៉ែត្រ និង បណ្ដោយជាង ២០ ម៉ែត្រ ដែលមើលទៅធំទូលាយស្រួលដាក់សម្ភារហ្វឹកហាត់។ ហើយបើនិយាយអំពីសម្ភារមួយចំនួនខ្ញុំត្រូវចំណាយលុយទិញបន្ថែមទៀត ព្រោះកន្លងមកក៏យើងរៀបចំ និង ទិញខ្លួនឯងដែរ»។

ម្ចាស់ក្លិប «សិល្បៈ» បានក្រាញននាលប្រឡូកក្នុងវិស័យវ័យគុនខ្មែរតាំងពីបាតដៃទទេរហូតដល់អាចទិញសម្ភារផ្គត់ផ្គង់ការហ្វឹកហាត់ដល់ក្លិប។ កូនប្រុសរបស់លោក ចាន់ ប៊ុនធឿន ដែលជាគ្រូបង្វឹកគុនខ្មែរ និង យុទ្ធគុនខមនោះលើកឡើងថា ប្រដាល់ និង គុនចម្រុះដែលឡើងវ៉ៃនៅ ONE Championship បានជួយសម្រួលច្រើនក្នុងជីវភាពប្រចាំថ្ងៃរួមទាំងយកថវិកាពីការឡើងរេញមកផ្គត់ផ្គង់គ្រួសារ និង ទិញសម្ភារសម្រាប់កូនសិស្សហ្វឹកហាត់ផង។ កីឡាករវ័យ ៣៣ ឆ្នាំបានរួមចំណែកយ៉ាងធំធេងក្នុងការបណ្ដុះបណ្ដាលគុនខ្មែរដល់កូនសិស្សខ្មែរ និង ជនបរទេស។ ជាពិសេសរូបគេជាតារាលេចធ្លោនៅសង្វៀនកម្រិតពិភពលោក ONE ដែលធ្វើឲ្យគេនឹកភ្នកដល់កម្ពុជា តាមរយៈការបង្ហាញក្បាច់គុនរបស់ ចាន់ រតនា និង ការឈ្នះពីលើកជាប់គ្នាថ្មីៗនេះ៕