លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea គ្រោងរៀបចំកិច្ចពិភាក្សាផ្សេងៗជាមួយនឹងថ្នាក់ដឹកនាំរបស់ក្លិបនេះ បន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Europa League វគ្គផ្តាច់ព្រ័ត្រ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ពួកគេចង់ឲ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បន្តដឹកនាំនៅរដូវកាលក្រោយ ឬយ៉ាងណា។

ក្រុមរបស់លោក Sarri បានស្រោចស្រង់ពីការធ្លាក់ចុះទម្រង់លេងកាលពីពាក់កណ្តាលរដូវកាល ដើម្បីឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Premier League ហើយអាចនឹងបញ្ចប់រដូវកាលនេះ ដោយការឈ្នះពាន១ នៅពេលដែលពួកគេជួបជាមួយនឹងក្រុម Arsenal ក្នុងទីក្រុង Baku នៅថ្ងៃទី២៩ ខែឧសភា។

ទោះបីជាយ៉ាងណា របៀបរៀបចំក្រុមរបស់លោក Sarri មិនបានផ្តល់ការពេញចិត្តដល់អ្នកគាំទ្ររបស់ក្រុម Chelsea ឡើយ អំឡុងពេលនៃការដឹកនាំក្នុងរដូវកាលទី១របស់លោក ហើយមានពាក្យចរចាមអារ៉ាមជាច្រើន លោកត្រូវបានទាក់ទងឲ្យវិលទៅដឹកនាំក្លិប Juventus និង Roma។ លោក Sarri បាននិយាយកាលពីថ្ងៃពុធថា៖ «ខ្ញុំនឹងពិភាក្សាជាមួយនឹងក្លិបនេះ ខណៈដែលខ្ញុំចង់ដឹងឲ្យច្បាស់ថា ពួកគេរីករាយជាមួយនឹងខ្ញុំ ឬអត់។

ខ្ញុំមានរយៈពេល២ឆ្នាំបន្ថែមទៀតក្នុងកិច្ចសន្យារបស់ខ្ញុំ»។ ថ្មីៗនេះ មានព័ត៌មានជាច្រើនថា ក្លិប Juventus បានទាក់ទងអតីតគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ក្រោយពីការចាកចេញគ្រូបង្វឹកបង្គោលរបស់ពួកគេ៕
ប្រភពព័ត៌មាន៖ Channel News Asia