សង្វៀនប្រដាល់ថ្មីមួយលេចរូបរាងឡើងនៅខេត្តបាត់ដំបងប្រហែលជា ៤ខែមកនេះ។ សង្វៀននោះឈ្មោះថា «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ ហៅថា « Ek Phnom Kun Khmer Arena»។ ខាងក្រោមនេះជាបទសម្ភាសន៍ជាមួយលោក Matias Andrés អ្នកគ្រប់គ្រងទូទៅនៅសង្វៀនមួយនេះអំពីការគាំទ្រ បញ្ហាប្រឈម និង ការរួមចំណែកក្នុងវិស័យគុនខ្មែរដូចខាងក្រោម។

ជម្រាបសួរលោក តើគោលបំណងអ្វីសំខាន់ក្នុងការបង្កើត «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» នេះឡើង?
Matias Andrés ៖ ក្នុងនាមជាអ្នកគ្រប់គ្រងទូទៅនៅ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ខ្ញុំបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ Miguel Acosta Meyer ដែលតែងតែនាំកីឡាករបរទេសមកប្រកួតនៅកម្ពុជា។ យើងចង់បង្ហាញឲ្យដឹងថា «គុនខ្មែរ» ជាក្បាច់គុនអស្ចារ្យដែលអាចប្រកួតកម្រិតអន្តរជាតិ។ ដូច្នេះហើយទើបពួកយើងនាំកីឡាករបរទេសមកប្រកួតនៅទីនេះជាប្រចាំ។

តើសង្វៀននេះបង្កើតឡើងបានរយៈពេលប៉ុន្មានហើយ? តើមានបញ្ហាប្រឈមអ្វីខ្លះរហូតដល់ពេលនេះ?
Matias Andrés ៖ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ត្រូវបានបើកឲ្យប្រកួតជាផ្លូវការនៅដើមខែ កុម្ភៈ ឆ្នាំ ២០១៩នេះ ហើយខ្ញុំបានមកធ្វើការនៅទីនេះខែ មីនា។ យើងមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែយើងត្រូវតែធ្វើការឲ្យខ្លាំងក្លាដើម្បីទទួលបានជោគជ័យ។ ខ្ញុំចង់ឲ្យគុនខ្មែរដើរទៅមុខលឿន កាន់តែខ្លាំង និង ល្បីដូចមួយថៃ។ ដូច្នេះហើយទើបយើងត្រូវធ្វើឲ្យមានភាពខុសប្លែកគ្នា។ ដោយសារខ្ញុំមានបទពិសោធន៍ជា ការីនិពន្ធនៅសង្វៀនអន្តរជាតិ ONE Championship និង តាមដានការរៀបចំការប្រកួតគុនចម្រុះ MMA នៅសង្វៀន UFC ជាច្រើនឆ្នាំ ខ្ញុំមានគំនិតថា ក្បាច់គុនកម្ពុជាអាចអភិវឌ្ឍខ្លួនទៅលឿន និង រីកច្រើននៅលើឆាកអន្តរជាតិ។ បញ្ហាប្រឈមខ្លាំងរបស់យើង គឺត្រូវបម្លែងពីគំនិតទៅជាសកម្មភាព។ យើងមានការគាំទ្រពីអ្នកគាំទ្រគុនខ្មែរ ប៉ុន្តែ យើងក៏ចង់បានការគាំទ្រពីក្រុមហ៊ុនធំៗនៅកម្ពុជាដែរ និង ចង់ឃើញគុនខ្មែរល្បីខ្ទរខ្ទារទៅកាន់ពិភពលោក។ ជាមួយគ្នានេះ យើងក៏ធ្វើការជិតស្និទ្ធជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែរ។

រៀងរាល់ការប្រកួតប្រចាំសប្ដាហ៍ តើទទួលបានការគាំទ្រយ៉ាងណាដែរ?
Matias Andrés ៖ យើងមានអ្នកគាំទ្រជាច្រើនមកទស្សនាការប្រកួតរបស់យើង ហើយយើងព្យាយាមធ្វើអ្វីដែលថ្មីដើម្បីទទួលការគាំទ្របន្ថែមទៀត និង ធ្វើឲ្យកម្មវិធីរបស់យើងកាន់តែទាក់ទាញ។ ម្យ៉ាងវិញទៀត ពេលមានវត្តមានស៊ុបពើស្ដារដូចជា កែវ រំចង់ និង ឃុន ឌីមា ជាដើម តែងតែទទួលបានការគាំទ្រច្រើន ប៉ុន្តែយើងក៏ព្យាយាមបង្ហាញវត្តមានកីឡាករវ័យក្មេងល្អៗជំនាន់ក្រោយ ដូចជា ឈុត សេរីវណ្ណថង និងកីឡាករផ្សេងៗទៀត។ នេះជារឿងល្អណាស់ដែលយើងផ្ដល់ឱកាសដល់កីឡាករមានទេពកោសល្យជំនាន់ក្រោយ ដែលមនុស្សភាគច្រើនមិនទាន់ស្គាល់។

តើចំណូល និង ចំណាយអាចប្រាប់បានទេ ថាសមាមាត្រគ្នា ឬ យ៉ាងណា?
Matias Andrés ៖ យើងទើបតែចាប់ផ្ដើម ហើយយើងព្យាយាមឲ្យអ្នកគាំទ្របានដឹងនូវអ្វីដែលយើងមាន និង ធ្វើការងារឲ្យខ្លាំងដើម្បីគុនខ្មែរ។ យើងទទួលបានការគាំទ្រកាន់តែច្រើនឡើង រួមទាំងទទួលការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ទូរទស្សន៍ក្នុងស្រុកជាច្រើនផង។ ខ្ញុំរំពឹងថានឹងទទួលភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុនៅថ្ងៃអនាគត ប៉ុន្តែពេលនេះយើងកំពុងតែចាក់គ្រឹងឲ្យរឹងមាំចំពោះការងាររបស់យើងសិន។

តើការរំពឹងទុកបែបណាដើម្បីឲ្យកីឡាប្រដាល់រីកចម្រើននៅបាត់ដំបង? តើផ្ដល់ផលប្រយោជន៍អអ្វីខ្លះដល់អ្នករស់នៅក្នុងមូលដ្ឋាននោះ?
Matias Andrés ៖ ទោះយើងរៀបចំនៅឯកភ្នំ ប៉ុន្តែយើងមិនផ្ដោតលើតំបន់នេះតែមួយមុខទេ។ បាត់ដំបងធ្លាប់ជាទីក្រុងក្បាច់គុនមួយនៃព្រះរាជាណាចក្រកម្ពុជា ហើយ យើងត្រូវតែបង្កើតវាសាជាថ្មី។ យើងកំពុងដើរមើលកន្លែងហ្វឹកហាត់ជាច្រើនដើម្បីស្វែងយល់អំពីការប្រឹងប្រែង និង បញ្ហាប្រឈមរបស់ពួកគេ។ យើងធ្វើការជិតស្និទ្ធទាំងជាមួយគ្រូបង្វឹក និង កីឡាករដើម្បីធ្វើឲ្យលក្ខខណ្ឌល្អប្រសើរឡើង។ នៅពេលដែលមនុស្សមានឥទ្ធិពល យល់អំពីការពិតនៃកីឡាករគុនខ្មែរ ខ្ញុំគិតថា ពួកគេយល់ថានឹងអាចផ្លាស់ប្ដូរការរស់នៅរបស់កីឡាករឲ្យកាន់តែល្អ។ កីឡាករខ្លះអត់មានអាហារគ្រប់គ្រាន់ដើម្បីបរិភោគ ឬ អត់មានហ្គង់ហ្វឹកហាត់ទេ តែពួកគេនៅតស៊ូ។ នេះហើយជាក្ដីស្រលាញ់ ហើយខ្ញុំតែងតែគាំទ្រក្ដីស្រលាញ់នេះ។ បើសិនជាយើងអាចទ្រទ្រង់ កីឡាករគុនខ្មែរវ័យក្មេង យើងនឹងអាចផ្លាស់ប្ដូរពិភពគុនខ្មែរបាន។ ខ្ញុំជឿជាក់លើរឿងនេះ។

តើលោកមានអ្វីចង់បន្ថែមទៀតចំពោះអ្វីដែលខ្ញុំមិនបានសាកសួរខាងលើ?
Matias Andrés ៖ បាទ! យើងកំពុងបង្កើតឲ្យមានកម្មវិធី Kun Khmer ULTRA។ វាជារឿងខកចិត្តបន្តិចពេលឃើញកីឡាករខ្មែរទៅប្រកួតលើឆាកអន្តរជាតិសង្វៀន ONE Championship និង
WLC ហើយទទួលលទ្ធផលមិនសូវល្អ។ ខ្ញុំដឹងថាកីឡាករកម្ពុជាមានទេពកោសល្យ និងមានកម្លាំងចិត្ត ដូចកីឡាករល្បីៗក្នុងលោកដូចជា Buakaw, Conor McGregor, Angela Lee, Aung La Nsang, និង Manny Pacquiao។ ប៉ុន្តែដើម្បីក្លាយខ្លួនជាស៊ុបពើស្ដារលំដាប់ពិភពលោក អ្នកត្រូវតែហ្វឹកហាត់ឲ្យដូចគេ។ យើងចង់បង្កើតឲ្យមានភាពខុសប្លែកនៅទីនេះលើគុនខ្មែរ ប៉ុន្តែយើងក៏ត្រូវការកិច្ចសហការគ្នាដែរ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអ្នកជំនួញ និង ការគាំទ្រពីទស្សនិកជន យើងចង់ឃើញកីឡាករគុនខ្មែររីកលូតលាស់ និង ផ្សព្វផ្សាយវប្បធម៌ខ្មែរលើឆាកអន្តរជាតិតាមរយៈពួកគេ។

កីឡាករល្អត្រូវតែហាត់ខ្លាំងរៀងរាល់ថ្ងៃ មិនផឹកគ្រឿងស្រវឹង ឬ មិនជក់បារី និង យល់អំពីតម្លៃគុនខ្មែរដែលជាគ្រឹះរឹងមាំដើម្បីបង្ហាញខ្លួននៅក្រៅប្រទេស។ នេះហើយជាអ្វីដែលអ្នកគាំទ្រចង់ឃើញនៅ Kun Khmer ULTRA។ Kun Khmer ULTRA នឹងផ្លាស់ប្ដូរវិធីសាស្ត្រខ្លះៗ។ វានឹងបណ្ដុះគំនិតចេញពីកីឡាករក្មេងៗ។ បើសិនអ្នកជាជើងឯក Kun Khmer ULTRA អ្នកបានត្រៀមរួចរាល់ហើយសម្រាប់ឡើងប្រកួតតំណាងឲ្យកម្ពុជា លើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យមនុស្សទូទៅដឹង ថា យើងកំពុងស្វែងរកកីឡាករល្អបំផុតនៅខេត្តបាត់ដំបង និង ផ្ដល់ឱកាសដល់ពួកដើម្បីក្លាយខ្លួនជា ស៊ុបពើស្ដារ។ នេះហើយជាឆ្នាំដ៏រំភើបបំផុតសម្រាប់គុនខ្មែរ៕