កីឡាករ Keisuke Honda របស់ជប៉ុនបានបញ្ជាក់ថាគាត់នឹងចាកចេញពីក្លឹប A-League Melbourne Victory នៅលីកកំពូលអូស្រ្តាលីក្រោយពីការប្រកួតជាមួយក្រុម Sanfrecce Hiroshima នៅថ្ងៃពុធម្សិលមិញនេះ។ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាវ័យ ៣២ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបអូស្ត្រាលីនៅខែសីហា ឆ្នាំ២០១៨ ស្របពេលដែលរូបគាត់បានចុះហត្ថលេខាមកដឹកនាំ ក្រុមជម្រើសជាតិកម្ពុជា ខណៈដែលអតីកីឡាករក្រុម AC.Milan រូបនេះ ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួតក្នុងក្របខ័ណ្ឌ A-League។

ក្រុម Melbourne Victory នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ AFC Champions League រដូវកាលនេះជាមួយក្រុម Sanfrecce មកពីលីកកំពូលជប៉ុន J.League នៅឧទ្យាន AAMI ក្នុងក្រុង Melbourne ដែល Honda នឹងមានឱកាសបង្ហាញខ្លួនជាលើកចុងក្រោយដើម្បីលាអ្នកគាំទ្រ។ ក្រុម Melbourne បានធ្លាក់ចេញពីការប្រកួត ACL ដោយទទួលបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីការប្រកួតក្នុងពូលទាំង ៥ដង របស់ពួកគេខណៈ Sanfrecce បានឈានចូលដល់វគ្គ ១៦ក្រុមចុងក្រោយ ជាមួយជ័យជំនះ បួនដងក្នុងចំណោម ៥ប្រកួត។

អតីតខ្សែប្រយុទ្ធក្រុមព្រះអាទិត្យជប៉ុន Honda បានប្រាប់បណ្តាញសារពត៌មានមុនការប្រកួតថាៈ ខ្ញុំមានមោទនភាពដែលបានក្លាយជាកីឡាករបាល់ទាត់ Victory Melbourne ហើយខ្ញុំមានសេចក្តីរីករាយដែលមានឱកាសលេងនៅប្រទេសអូស្ត្រាលី។ ខ្ញុំចាកចេញពីឥឡូវនេះសម្រាប់បញ្ហាប្រឈមបន្ទាប់របស់ខ្ញុំ ប៉ុន្តែខ្ញុំមិនដែលភ្លេចពេលវេលាជ័យជំនះជាមួយក្លឹបទេ។ Honda បាននិយាយថាៈ ខ្ញុំសូមជូនពរឱ្យក្លឹបជួបសំណាងល្អនាពេលអនាគត។