មានរឿងសប្បាយចិត្ត និង ខកចិត្តបំផុតចំនួន ៣ នៅសង្វៀន ONE: ENTER THE DRAGON ដែលបានរៀបចំនៅប្រទេសសិង្ហបុរី នាថ្ងៃទី ១៧ ខែ ឧសភា កន្លងទៅនេះ។ កីឡាករម្ចាស់ផ្ទះ CHRISTIAN LEE វាយកីឡាករជើងខ្លាំងសញ្ជាតិជប៉ុន SHINYA AOKI ឲ្យចុះចាញ់ត្រឹមទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់វ័យក្មេងជាងគេក្នុងក្បាច់គុនចម្រុះ ONE Lightweight World Championship។

ជើងខ្លាំងរបស់ថៃ Yodsanklai IWE Fairtex មិនអាចឈានទៅដណ្ដើមទឹកប្រាក់ ១ លានដុល្លារពីខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix បានទេក្រោយចាញ់ពិន្ទុកីឡាករសញ្ជាតិបារាំង Samy Sana។ កីឡាករសញ្ជាតិទួគី Saygid “Dagi” Guseyn Arslanaliev ឈានទៅវគ្គផ្ដាច់ព្រ័ត្រ ONE LIGHTWEIGHT WORLD GRAND PRIX បន្ទាប់ពីវាយកីឡាករម្ចាស់ផ្ទះដ៏ល្បីល្បាញ Amir Khan ឲ្យចុះចាញ់ត្រឹមទឹកទី១។

១- កីឡាករម្ចាស់ Christian Lee ពិតជាធ្វើឲ្យទស្សនិកជនហ៊ោកញ្ជ្រៀវ បន្ទាប់ពីវាយកំពូលកីឡាករជប៉ុន Shinya Aoki មានបទពិសោធន៍ច្រើនឲ្យចុះចាញ់ត្រឹមទឹកទី២ ដើម្បីគ្រងខ្សែក្រវាត់ ONE Lightweight World Champion។ Aoki ធ្វើបានល្អនៅទឹកទី១ ដោយផ្ដួល Lee ទៅនឹងក្ដាររេញដើម្បីប្រើដៃគាបក្នុងគោលដៅឲ្យតដៃលែងកើត។ យ៉ាងណាក្ដី Lee បានគេចផុតពីការគាបសង្កត់នេះ។ ហើយ Lee ប្រើកណ្ដាប់ដៃមហាទម្ងន់ឆ្វេងស្ដាំយ៉ាងញាប់ដើម្បីបញ្ចប់ Aoki ត្រឹមទឹកទី២ តែម្ដង មុនអាជ្ញាកណ្ដាលបញ្ឈប់។

២-ជើងខ្លាំងរបស់ថៃ Yodsanklai IWE Fairtex ដែលមិនដែលចាញ់នៅសង្វៀន ONE តាំងពីឆ្នាំ ២០១១ មកនោះមិនអាចឈានទៅដណ្ដើមទឹកប្រាក់ ១ លានដុល្លារពីខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix ក្រោយចាញ់ពិន្ទុកីឡាករសញ្ជាតិបារាំងកម្ពស់ខ្ពស់ Samy Sana។ Yodsanklai បានព្យាយាមគំរាមកំហែងតាមរយៈការទាត់ និង សម្រុកចូលវ៉ៃ ប៉ុន្តែត្រូវរងថ្មបាក់ដោយសារកណ្ដាប់យ៉ាងដំណំ និង ងើបមិនចង់រួចជាដើម។ កម្ពស់កីឡាករថៃ ដែលមានរហស្សនាមថា “The Computer Boxing” ទាបជាងដូច្នេះហើយ ជាហេតុនាំឲ្យលំបាកចូលខ្លាំងលើកីឡាករ រហស្សនាម “AK47″។ ជើងខ្លាំងរបស់ ថៃមិនអាចធ្វើឲ្យកីឡាករសញ្ជាតិបារាំងដួលលើក្ដារសង្វៀនជាការស៊ីសងគ្នាបានទេ។ ទីបំផុត អាជ្ញាកណ្ដាលប្រកាសថា Yodsanklai ចាញ់ពិន្ទុលើ Samy Sana និង ធ្លាក់ចេញពីការប្រកួតដណ្ដើមទឹកប្រាក់ ១ លានដុល្លារ។

៣- សឹងតែមិនជឿភ្នែកដែលចាញ់លឿនបែបនេះ។ កីឡាករសញ្ជាតិទួគី Saygid “Dagi” Guseyn Arslanaliev ឈានទៅវគ្គផ្ដាច់ព្រ័ត្រ ONE LIGHTWEIGHT WORLD GRAND PRIX បន្ទាប់ពីយកវាយកីឡាករម្ចាស់ផ្ទះ Amir Khan ឲ្យចុះចាញ់ត្រឹមទឹកទី១។ អ្នកលេងមកពី ទួគី ប្រើពេលត្រឹមតែ ២ នាទី និង ៥៦ វិនាទីប៉ុណ្ណោះដើម្បីផ្ដួលកីឡាករម្ចាស់ផ្ទះ ដោយការប្រើក្បាច់ដៃ អុបប៉េគូប ឆ្វេងស្ដាំរហូតដល់ដួលទៅនឹងក្តាររេញ។ ជ័យជម្នះនេះធ្វើឲ្យ Saygid រង់ចាំអ្នកឈ្នះរវាង Timofey Nastyukhin និង Lowen Tynanes នៅវគ្គផ្ដាច់ព្រ័ត្រ។

ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix នៅ វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រមិនទាន់កំណត់ថ្ងៃនោះទេ ដែលក្នុងនោះកីឡាករថៃ Petchmorakot Petchyindee Academy ប្រឈមនឹងមិត្តរួមជាតិ Jo Nattawut ខណៈដែល កីឡាករសញ្ជាតិបារាំង Samy Sana ជួបតតាំងនឹងកីឡាករ សញ្ជាតិរុស្សី Dzhabar Askerov៕