កីឡាករជើងខ្លាំងជំនាន់ក្រោយ កូយ ឡាយ របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានភ្លាត់ស្នៀតនៅក្នុងការខំវាយលុករបស់ខ្លួន ហើយបណ្តាលឲ្យអ្នកប្រយុទ្ធដៃ Chamuakpetch ម៉ាត់ឆ្វេងចូល ២ដៃ បណ្តាលឲ្យរូបគេសន្លប់ និងធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់ ដ៏គួរឲ្យសោកស្តាយបំផុត។

សម្រាប់ការប្រកួត នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ កូយ ឡាយ បានបង្ហាញការប្រកួតយ៉ាងល្អ ហើយចលនាវ៉ៃចូលលឿនៗដោយកណ្តាប់ដៃ និងដកថយលឿនរបស់គេ បានធ្វើឲ្យ កូយ ឡាយ មានប្រៀបលើថៃ Chamuakpetch ២ទឹកដាច់ នៅក្នុងទឹកទី១ និងទឹកទី២។​ជាមួយការមានប្រៀបនេះ កូយ ឡាយ បានបង្កើនការចូលវាយលុកទាំងលើប្រើកណ្តាប់ដៃ ជង្គង់ និងកែងទៅលើ Chamuakpetch សម្រាប់ការប្រកួតនៅទឹកទី៣ ប៉ុន្តែការខ្វះការប្រុងប្រយ័ត្នរបស់គេ បានធ្វើឲ្យ Chamuakpetch ម៉ាត់ឆ្វេងចូលថ្គាមគេពេញៗចំនួន២ដៃ នាំឲ្យ កូយ ឡាយ ដួលសន្លប់ ក្រោយលែងរួច នៅចុងទឹកនេះ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។

អ្នកទស្សនាដ៏ច្រើនលើសលុប បានបង្ហាញការសោកស្តាយ ចំពោះការចាញ់របស់ កូយ ឡាយ ហើយ កូយ ឡាយ ក៏បានបង្ហាញការសង្ឃឹមចំពោះការចាញ់ដោយការភ្លាត់ស្នៀតនេះផងដែរ ព្រោះតាមស្ថានភាពប្រកួតជាក់ស្តែង Chamuakpetch មិនបានបង្ហាញការប្រកួតអ្វីគួរឲ្យកត់សម្គាល់នោះទេ គឺថៃម្នាក់នេះ ភាគច្រើនវាយទប់ និងដកថយ ប៉ុន្តែចំណុចល្អនៃការវាយចេញមួយៗរបស់គេ គឺច្បាស់ និងមានទម្ងន់ធ្ងន់ ហើយរូបគេមានភាពរឹងមាំ ក្នុងការរក្សាលំនឹងទៅនឹងការវ៉ៃចូលរបស់គូប្រកួត។

ជាមួយលទ្ធផលនេះ បានជួយឲ្យ Chamuakpetch ឡើងទៅអង្គុយចាំវគ្គផ្តាច់ព្រ័ត្រ ដើម្បីត្រៀមប្រកួតយកខ្សែក្រវាត់ប្រាក់ ជាមួយអ្នកឈ្នះសម្រាប់ការប្រកួតនៅសប្តាហ៍បន្ទាប់ ខណៈ ឡៅ ចិត្ត្រា ដែលជាសិស្សរួមគ្រូជាមួយ កូយ ឡាយ និង ឡុង ជិន បានឈ្នះខ្សែក្រវាត់ប្រាក់នេះរៀងៗខ្លួនរួចហើយ ដោយពួកគេ ឈានដល់ការត្រៀមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ទៅហើយ។

ចំណែកកីឡាករ ខាំ ខ្លានាង បានបង្ហាញការប្រកួតយ៉ាងល្អបំផុត នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅសង្វៀន PNN កាលពីថ្ងៃអាទិត្យនោះដែរ គឺរូបគេបានទាត់ឲ្យជើងខ្លាំងថៃឈ្មោះ ចៅ ឃុនថង សុំចុះចាញ់នៅពាក់កណ្តាលទឹកទី៣ ក្រោយបានវ៉ៃឲ្យអាជ្ញាកណ្តាលរាប់ចំនួន២លើក នៅក្នុងទឹកទី២នោះ។
អ្នកគាំទ្រមានការពេញចិត្តខ្លាំង ទៅនឹងការប្រកួតគូមួយនេះ ព្រោះ ខាំ ខ្លានាង និង ចៅ ឃុនថង បានវ៉ៃប្តូរគ្នាភ្លាមៗតាំងពីទឹកទី១ តែការវាយចេញរបស់ ខ្លានាង មានប្រសិទ្ធភាពជាង និងចេញបានកលឿនជាង ទើបធ្វើឲ្យរូបគេ ទទួលបានជ័យជម្នះ លើកនេះ៕