ព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្តាលអាជីព Keller Williams Cambodia League 2018 (KW Cambodia League 2019) បានបញ្ចប់ដោយជោគជ័យ ខណៈក្រុម ISI Group United និង Avatar FC ជាអ្នកលើកពានធំ និងពានតូច KW Cambodia Cup 2019 ប្រចាំឆ្នាំនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង ដែលជាស្ថាបនិកបង្កើតពាន Keller Williams Cambodia League (ពីមុនឈ្មោះពាន Khmer Real Estate League) នេះ បានប្រកាស នៅក្នុងពិធីបិទការប្រកួត នៅទីលាន KMH កាលពីយប់ថ្ងៃអាទិត្យថា លោក នឹងតម្លើងប្រាក់រង្វាន់ការប្រកួតពានមួយនេះ រហូតដល់១ម៉ឺនដុល្លារ នៅឆ្នាំក្រោយ។
ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត លោកបណ្ឌិត គីម ហ៊ាន បានថ្លែងថា៖ «យើងនឹងបង្កើនប្រាក់រង្វាន់ពី២៤លានរៀល សម្រាប់ក្រុមជើងឯក នៅឆ្នាំ២០១៩នេះ ទៅជា៤០លានរៀល ឬ១ម៉ឺនដុល្លារ សម្រាប់ការប្រកួតនៅឆ្នាំក្រោយ ប៉ុន្តែយើងមិនបង្កើនក្រុមចូលរួមនោះទេ ព្រោះយើងចង់ចម្រាញយកក្រុមចូលរួម ដែលខ្លាំងៗ»។

តាមរយៈការប្រកួតក្នុងរដូវកាលនេះ ក្រុមចំណូលថ្មី ISI Group United បានក្លាយជាម្ចាស់ជើងឯក KW Cambodia League 2019 អមជាមួយប្រាក់រង្វាន់២៤លានរៀល ព្រោះការប្រកួតវិលជុំទាំង១៥លើក ISI បានឈ្នះ១៤ និងស្មើ១ប្រកួត មាន៤៣ពិន្ទុ គឺលើសក្រុមម្ចាស់ជើងឯកឆ្នាំចាស់ Avatar FC ត្រឹម១ពិន្ទុប៉ុណ្ណោះ ខណៈក្រុម Khmer United A ឈរនៅលេខ៣ ក្រុម Riel Phnom Penh ឈរនៅលេខ៤ និងក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧ Bayon Wanderers ឈរនៅលេខ៥។

លោក គីម ហ៊ាង បានបន្ថែមថា៖ «សម្រាប់ការប្រកួតនៅរដូវកាលនេះ មានតែក្រុម៧ទៅ៨ក្រុមប៉ុណ្ណោះ ដែលមានសមត្ថភាពលេងល្អ ឯក្រុមផ្សេងទៀតធ្វើមិនបានល្អប៉ុន្មានឡើយ ដោយពួកគាត់មកប្រកួតដើម្បីតែសុខភាព អ៊ីចឹងនៅឆ្នាំក្រោយ យើងអាចនឹងមិនដាក់ឲ្យពួកគាត់លេងទៀតទេ ប៉ុន្តែក្រុមដែលបានឈរនៅតំបន់ Top5 នៅឆ្នាំនេះ យើងនឹងឲ្យពួកគាត់ចូលរួមការប្រកួតនៅឆ្នាំក្រោយ ដោយស្វ័យប្រវត្តិតែម្តង»។

លោកបានបញ្ជាក់ថា៖«សម្រាប់ក្រុមផ្សេងទៀត ដែលចង់ចូលរួម នៅឆ្នាំក្រោយ យើងអាចនឹងរៀបចំឲ្យមានការប្រកួតជម្រុះគ្នាសិន ហើយបើក្រុមណាមានសមត្ថភាពមិនដល់យើងមិនឲ្យចូលរួមទេ ព្រោះពានពាក់កណ្តាលអាជីព ដែលនឹងកើនប្រាក់រង្វាន់ដល់១ម៉ឺនដុល្លារទៅហើយនោះ គឺការលេង យើងត្រូវតែបង្កើនគុណភាព ដ្បិតអីបើមានការស៊ីគ្នា ៨-០, ៩-០ ឬ ១០-០ ក៏វាមិនល្អមើលនោះដែរ»។

ដោយឡែក ការប្រកួតយកពានតូច KW Cambodia Cup 2019 វិញក្រុម Avatar បានទម្លាក់ក្រុម Khmer United A នៅវគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានវាយបកយកឈ្នះក្រុម Bayon Wanderers ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យនោះ ដើម្បីលើកពានតូចនេះ ជំនួសការបាត់បង់ពានធំ អមជាមួយប្រាក់រង្វាន់១២លានរៀល ឯក្រុមលេខ២ Bayon បាន៨លានរៀល។

ចំណែកក្រុម Khmer United A ដែលជាម្ចាស់ពានតូច កាលពីឆ្នាំ២០១៨ និងក្រុម Riel Phnom Penh ដែលធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ទទួលបានលេខ៣ស្ទួន និងបានប្រាក់រង្វាន់៦លានរៀល ដូចគ្នា ហើយ Khmer United A ក៏ទទួលបានពាន Fair Play អមនឹងប្រាក់២លានរៀលផងដែរ ខណៈខ្សែប្រយុទ្ធ Blessing របស់ក្រុម ISI Group United បានក្លាយជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ហើយ កីឡាករ Dave Maguire របស់ក្រុម Riel PP បានក្លាយជាអ្នកចាំទីល្អប្រចាំព្រឹត្តិការណ៍នេះ ដោយអ្នកទាំង២នេះ បានប្រាក់រង្វាន់លើកទឹកចិត្ត១លានរៀលដូចគ្នា៕