កីឡាករកូនកាត់អាមេនី-អ៊ីតាលី Giorgio Petrosyan និង Samy Sana នឹងឡើងជួបគ្នា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ONE FEATHERWEIGHT KICKBOXING WORLD GRAND PRIX CHAMPIONSHIP ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានដុល្លារអាមេរិកក្នុងប្រវត្តិសាស្ត្រ របស់ស្ថាប័នពិភពលោក ONE។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែ តុលា ខាងមុខនៅក្រុងតូក្យូប្រទេសជប៉ុន ដែលការប្រកួតដ៏កក្រើកត្រូវបានគេដាក់ឈ្មោះថា ONE: CENTURY ព្រោះវាជាព្រឹត្តិការណ៍ពិសេសមិនធ្លាប់មានក្នុងគោលបំណងអបអរសាទរការរៀបចំព្រឹត្តិការណ៍ប្រកួតលើកទី ១០០ របស់ស្ថាប័ន ONE Championship។ តើ Giorgio Petrosyan ឬ Samy Sana ដែលនឹងទទួលបានប្រាក់រង្វាន់ ១ លានដុល្លារខាងលើនេះ?

មុនជំនួបដ៏កក្រើកនេះ ខុន ស៊ីចាន់ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ បានបញ្ចេញទស្សនៈថា Giorgio Petrosyan នឹងមានភាគរយឈ្នះលើ Sana។ ខុន ស៊ីចាន់ បញ្ជាក់យ៉ាងដូច្នេះ៖«ខ្ញុំជឿជាក់លើ Petrosyan រហូតដល់ ៦០ ទៅ ៧០ ភាគរយ ព្រោះគេបានវ៉ៃ Jo Nattawat ឲ្យសន្លប់ដោយកណ្ដាប់ដៃ។ Petrosyan មានកណ្ដាប់ដៃល្អ និង ញាប់ៗហើយធ្ងន់ដែលខ្ញុំគិតថាឈ្នះ»។

ផ្ទុយទៅវិញ គ្រូបង្វឹក ជា រិទ្ធ មកពីក្លិបប្រដាល់គុហាព្រហ្មជ័យ នៅខេត្តសៀមរាប បានយល់ឃើញថា៖«ខ្ញុំគិតថា Sana អាចមានប្រៀបឈ្នះជាង Petrosyan ព្រោះគេមានកម្ពស់ , ដៃ និង ជើងឈ្នះប្រៀបគូប្រកួត។ មួយទៀត Sana គេចូលចិត្តវ៉ៃបោះជង្គង់ៗ ល្អៗណាស់។ នេះជាហេតុធ្វើឲ្យ Petrosyan ពិបាកក្នុងការទប់ទល់ណាស់។ ហើយ Sana ពេលប្រកួតគឺដើរចូលសម្រុកតែម្ដង»។ គ្រូបង្វឹករូបនេះសង្កត់ធ្ងន់ថា ៖«ទាំងដៃនិងជើង Sana លើគូប្រកួត ហើយ ពេលវ៉ៃបោះជង្គង់ៗ នោះគូប្រកួតច្បាស់ជាពិបាកទ្រាំណាស់។ ក្នុងនោះ Sana ក៏ចេញកណ្ដាប់ដៃច្បាស់ៗដែរលកាលប៉ះគូប្រកួតនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងទៅ»។`

បែបណាក្ដី Petrosyan និង Sana សុទ្ធតែមិនហ៊ានអះអាងលទ្ធផលមុនជំនួបដ៏ធំលើសង្វៀនលំដាប់ពិភពលោកមួយនេះ។ Petrosyan បានថ្លែងក្រោយឈ្នះ Jo Nattawat ថា៖«ខ្ញុំប្រឹងខ្លាំងណាស់ទម្រាំដល់ថ្ងៃនេះ និងវគ្គផ្ដាច់ព្រ័ត្រ។ លុយ ១ លានដុល្លារពិតជាសំខាន់ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះ ខ្ញុំមិនទាន់គិតអំពីលុយទេ ខ្ញុំគិតអំពីការរៀបចំខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ Sana យើងនឹងជួបគ្នា»។ ចំណែក Sana ក៏បង្ហើបស្រដៀងគ្នា ៖«យើងនឹងជួបគ្នា Petrosyan នៅតូក្យូ។ ពេលនេះខ្ញុំមិនទាន់ហ៊ាននិយាយអ្វីទេ។ យើងនឹងដឹងគ្នា ហើយអ្នកគាំទ្រនឹងរំភើប»។

គួរដឹងថា មុនឡើងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់រង្វាន់ ១ លានដុល្លារ Giorgio Petrosyan បានប្រើពេលត្រឹម១ទឹកប៉ុណ្ណោះដើម្បីផ្ដួលឲ្យ ជើងខ្លាំងថៃ Jo Nattawat ចុះចាញ់កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែល កីឡាករសញ្ជាតិបារាំង Samy Sana បានយកឈ្នះពិន្ទុ ជើងខ្លាំងរុស្សី Dzhabar Askerov។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា)៕

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាងyk