ជើងខ្លាំង ឡៅ ចិត្រា មកពីក្លិបកងពលតូចឆត្រយោងពិសេស៩១១ មានភាគរយខ្ពស់ដើម្បីឈ្នះខ្សែក្រវាត់ ប្រដាល់អធិរាជគុនខ្មែរ ISI PALM របស់ PNNបន្ទាប់ពីផ្ដួល ឡុង ជិន ត្រឹម១នាទីប៉ុណ្ណោះនាដើមទឹកទី១ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលថ្ងៃអាទិត្យ ហើយ បន្ទាប់ពីភ្ជុំបិណ្ឌរួចរាល់ ឡៅ ចិត្រា ត្រូវបុកហ្វឹកហាត់ត្រៀមខ្សែក្រវាត់ផងវគ្គផ្ដាច់ព្រ័ត្រផង និង រៀបចំខ្លួនទៅព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះផង។ នេះជាការបង្ហើបឲ្យពីគ្រូបង្វឹក ហង្ស ស៊ឺន។

វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ប្រដាល់អធិរាជគុនខ្មែរ ISI PALM នឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៣ តុលា ខាងមុខ ស្របពេល ឡៅ ចិត្រា កំពង់រង់ចាំអ្នកឈ្នះរវាង លន បញ្ញា និង សុខ សាវិនដែលត្រូវប្រកួតនាថ្ងៃទី ២២ ខែ កញ្ញា ចុងសប្ដាហ៍នេះ។ ប្រាក់រង្វាន់លេខ១ម្ចាស់ខ្សែក្រវាត់នេះ មានតម្លៃ ៤០ លានរៀល ស្មើនឹង ១ ម៉ឺនដុល្លារអាមេរិក។

គ្រូបង្វឹក ហង្ស ស៊ឺន បានគូសបញ្ជាក់ថា៖«ជាទម្លាប់របស់ខ្ញុំមិនហ៊ានមើលងាយគូប្រកួតរបស់កូនសិស្សទេ ព្រោះពួកគេក៏បានហ្វឹកហាត់ត្រៀមបានល្អដូចគ្នា។ ចិត្រា អាចជួបអ្នកណាក៏បាន រវាង លន បញ្ញា និង សុខ សាវិន។ ប៉ុន្តែអ្វីខ្ញុំអាចនិយាយបាន គឺ ៨០% ដែល ចិត្រា អាចនឹងឈ្នះបើសិន គេ [ចិត្រា] ហាត់ឲ្យកាន់តែល្អ។ យើងហ្វឹកហាត់ដើម្បីប្រកួត ប៉ុន្តែកុំមានអំនួតពេកទោះជាយើងមានប្រៀបក៏ដោយ។ ខ្ញុំតែងតែសរសើរគេដើម្បីឲ្យកូនសិស្សរបស់ខំប្រឹង ហើយមិនចង់ឃើញកូនសិស្សបូសក្លៀក និង អួតអាងឡើយ»។

ឡៅ ចិត្រា ជាកីឡាករមានទេពកោសល្យ និងលេចធ្លោម្នាក់នៅកម្ពុជាក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ដែលបន្តវេនពីបងប្រុសបង្កើតពីររូបមាន ឡៅ ស៊ីណាត និង ឡៅ ចន្ទ្រា។ ប៉ុន្តែ ឡៅ ចិត្រា បានបញ្ចេញសារសោកស្ដាយរឿងមួយពេលទៅប្រកួតនៅ សង្វៀន ONE Championship កាលខែ កុម្ភៈកន្លងទៅនៅប្រទេសថៃ។ ការសោកស្ដាយនោះ គឺ ចិត្រា វ៉ៃ Superlek Kiatmoo9 មិនចំគោលឬមិនត្រូវក្រោយបញ្ចប់ ៣ ទឹកនិង ចាញ់ពិន្ទុ។ យ៉ាងណាក្ដីម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០១៧ បានរៀនសូត្រអំពីការប្រកួតលើសង្វៀនលំដាប់អន្តរជាតិ ONE និង បន្តអភិវឌ្ឍខ្លួនបន្ថែមទៀតហើយត្រូវដើមតាមគន្លងរបស់ ឃុន ឌីម៉ា ដែលឈ្នះមេដាយមាសជូនកម្ពុជានាស៊ីហ្គេមលើកទី២៩ កន្លងទៅក្នុងវិញ្ញាសា Kickboxing។

គ្រូបង្វឹកកងពលតូចឆត្រយោងពិសេស៩១១ដែលទទួលបន្ទុកបង្ហាត់ Kickboxing សម្រាប់ចេញទៅស៊ីហ្គេមថ្មីៗបានគូសបញ្ជាក់ទៀតថា ៖«ខ្ញុំគិតថាកម្រិតបច្ចេកទេសបច្ចុប្បន្នរបស់ ចិត្រា គឺមានលក្ខណៈល្អប្រសើរជាងស៊ីហ្គេម ២០១៧។ កម្មវិធីប្រកួតខ្សែក្រវាត់ ក៏ចូលរួមចំណែកធ្វើឲ្យការហ្វឹកហាត់កាន់តែល្អដែរ។» លោកសង្កត់ធ្ងន់ទៀតថា ៖«ក្រោយភ្ជុំបិណ្ឌ ខ្ញុំមានវិធីដើម្បីបង្ហាត់ក្នុងគោលដៅបន្តត្រៀមទៅប្រកួតស៊ីហ្គេម។ ខ្ញុំរកស្នៀត និងបច្ចេកទេសដើម្បីឲ្យល្អប្រសើរ មិនមែនហាត់តាមកម្លាំងបាយនោះទេ។ ពេលខ្លាំងប្រើកម្លាំងបាយ តែគេមានបច្ចេកទេសវ៉ៃចំគោលដៅ គឺ យើងចប់ហើយ»។

គួរដឹងថា កីឡាករវ័យ២១ឆ្នាំ ឡៅ ចិត្រា ឈ្នះមេដាយសំរឹទ្ធ កាលស៊ីហ្គេមឆ្នាំ ២០១៧ ក្រោយចាញ់កីឡាករម្ចាស់ផ្ទះ Ain Bin Kamaprudin ដោយពិន្ទុ។ គ្រានោះពិន្ទុរបស់ ចិត្រា និង Ain Bin គឺប្រដំប្រសងគ្នា ហើយ ចិត្រា ដើរចូលវាយរហូត។ យ៉ាងណាក្ដី ចិត្រា បានបំភ្លេចលទ្ធផលនេះចោលដើម្បីស្ដារមុខមាត់ឡើងវិញសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះនៅហ្វីលីពីនដែលចាប់ផ្ដើមនាខែ វិច្ឆិកា ខាងមុខ។

អត្ថបទ៖ ស៊ីធី Credit: Sabay

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង