http://www.ubet368.com/index.php?page=sports

កីឡាករ លន បញ្ញា បានអះអាងថា រូបគេមិនមានការបារម្ភ ឬភ័យខ្លាចទៅលើភាពខ្លាំងរបស់ ឡៅ ចិត្ត្រា នោះទេ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស ទម្ងន់៦០គីឡូក្រាម អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ នៅលើសង្វៀន PNN នារសៀលថ្ងៃអាទិត្យនេះ ប៉ុន្តែ ឡៅ ស៊ីណាត បានលើកឡើងថា សមត្ថភាពប្រកួតរបស់ លន បញ្ញា នៅក្រោមប្អូនប្រុសរបស់ខ្លួន។

លន បញ្ញា ដែលធ្លាប់ចាត់ទុក ឡៅ ចិត្ត្រា ជាអាយដូលរបស់ខ្លួននោះ បានទទួលស្គាល់ថា ចិត្ត្រា មានសមត្ថភាពប្រកួតខ្លាំង និងអាចវាយចេញបានគ្រប់ក្បាច់ ប៉ុន្តែ បញ្ញា បានប្រាប់ថា៖«ខ្ញុំបានបង្កើនការហ្វឹកហាត់ទ្វេដង គឺហាត់បានពេញលេញល្អណាស់ ហើយខ្ញុំនឹងធ្វើឲ្យបានល្អ ដោយសង្ឃឹមឈ្នះ៧០ភាគរយ»។

សិស្សគណសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ លន បញ្ញា បានបញ្ជាក់ថា៖«ខ្ញុំមិនខ្វល់ថា ឡៅ ចិត្ត្រា មានភាពល្បីល្បាញជាងខ្ញុំ ឬមានសមត្ថភាពខ្ពស់ជាងខ្ញុំនោះទេ គឺខ្ញុំគ្មានការបារម្ភ ឬភ័យខ្លាចអ្វីទាំងអស់ ព្រោះហ្វឹកហាត់ត្រៀមបានល្អ ហើយខ្ញុំក៏ប្តូរនូវទិចនិក និងបច្ចេកទេសប្រកួតខុសពីមុនផងដែរ។ ខ្ញុំមានមហិច្ឆតាចង់ឈ្នះបានខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ ពីការប្រកួតនេះ»។

យ៉ាងណាក៏ដោយ បើប្រៀបធៀបទៅលើសមត្ថភាព និងបច្ចេកទេសប្រកួតរវាងអ្នកទាំង២នេះ គឺ លន បញ្ញា គ្មានក្បាច់អ្វីលើស ឡៅ ចិត្ត្រា នោះទេ ព្រោះសូម្បីតែក្បាច់ជង្គង់ ដែលជាក្តីសង្ឃឹមរបស់ បញ្ញា ក៏នៅក្រោមជង្គង់របស់ ចិត្ត្រា ចំណែកល្បឿននៃការវាយចេញ ក៏យឺតជាង ចិត្ត្រា ផងដែរ។

ជាមួយការមានប្រៀបនេះ បានធ្វើអតីតកីឡាករជើងខ្លាំង ឡៅ ស៊ីណាត ដែលជាបងប្រុសបង្កើតរបស់ ឡៅ ចិត្ត្រា មានការជឿជាក់លើ ចិត្ត្រា រហូតដល់៨០ភាគរយ ព្រោះលោកបានមើលឃើញថា លន បញ្ញា បានតែក្បាច់ជង្គង់ ខណៈ ចិត្ត្រា វាយចេញបានគ្រប់ក្បាច់ និងវាយចេញបានលឿនជាង បញ្ញា ទៀតផង។

ឡៅ ស៊ីណាត ដែលជាបង្វឹក ឡៅ ចិត្ត្រា ដោយផ្ទាល់ដៃនោះ បានបញ្ជាក់ថា៖«បើគ្មានករណីភ្លាត់ស្នៀតកើតឡើងទេនោះ គឺ ឡៅ ចិត្រ្តា មិនអាចចាញ់បានឡើយ។ ចិត្ត្រា បានហ្វឹកហាត់ និងត្រៀមខ្លួនល្អណាស់ ព្រោះមហិច្ឆតារបស់យើង គឺត្រូវដណ្តើមយកខ្សែក្រវាត់មាសនេះ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ ឲ្យបាន»។

គួររំឭកថា នៅមុនការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាសនេះ ឡៅ ចិត្ត្រា បានផ្តួលគូប្រកួតឲ្យសន្លប់ នៅមុនទឹកទី២ទឹកទាំងអស់ នោះទេ ហើយនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចិត្ត្រា បានម៉ាត់ឲ្យ ឡុង ជិន សន្លប់ត្រឹមរយៈពេល១នាទី ចំណែក លន បញ្ញា ត្រូវបានចៅក្រមកាត់ក្តីឲ្យឈ្នះ សុខ សាវិន ៣-២ ទាំងចម្រូសសម្រាស់ និងមានការប្តឹងតវ៉ាពីភាគី សុខ សាវិន ផងដែរ តែចុងក្រោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅតែរក្សាជំហរ ការសម្រេចចិត្តនេះ៕

http://www.ubet368.com/